ព្រានព្រៃកំសត់
មានបុរសម្នាក់ប្រកបរបរជាព្រានព្រៃបរបាញ់សត្វ។ ថ្ងៃមួយបុរសនោះបានទទួលគ្រោះមរណំដោយពេលកំពុងយឹតធ្នូព្រួញបំរុងបាញ់ប្រហារជីវិតខ្លាកំណាចមួយក្បាលតែគាប់ជាហេតុអាក្រក់ខ្សែធ្នូត្រូវដាច់បណ្តាលឲ្យខ្លាដឹងខ្លួនទាន់ ក៏ស្ទុះបោលសំដៅមកយកជីវិតព្រាននោះ។កាលបើឃើញខ្លាបោលសំដៅរកខ្លួនយ៉ាងលឿនដូចនោះក៏ខំប្រឹងរត់គេចយកជីវិតឲ្យរួចផុតពីចង្កូមខ្លា។លុះរត់ៗទៅក៏ដល់ស្ទឹងមួយព្រានបំរុងនឹងស្ទុះលោតចូលទៅក្នុងទឹកស្ទឹងនោះដើម្បីហែលឆ្លង តែមិនអានធ្វើទៅបានព្រោះនៅក្នុងស្ទឹងនោះសំបូរដោយសត្វក្រពើកំពុងដេកតំរៀបចំហមាត់រង់ចាំចំណី។បុរសក៏ទុចដំណើរ ហើយងាកចុះឡើងឆ្វេងស្តាំរកផ្លុវរត់ទាំងភិតភ័យ ក៏ឃើញដើមឈើមួយដើមដែលដុះជាប់មាត់ស្ទឹងនោះ ហើយបានស្ទុះប្រវេប្រវាតោងឡើងគេចពីខ្លាកំនាច។ពេលឡើងដល់ពាក់កណ្ដាលនៃដើមនោះហើយក៏អង្គុយលើមែកមួយដើម្បីយកកំលាំងក៏ស្រាប់តែមានតំនក់ទឹកឃ្មុំស្រក់ចេញពីសំបុកឃ្មុំដែលនៅលើក្បាលព្រាននោះ។ ដោយក្តីហេវហត់ជាខ្លាំងក៏ត្រេកត្រអាលនឹងរសផ្អែមឆាញ់នៃទឹកឃ្មុំលែងនឹកនាដល់ក្តីមរណំបន្តិចសោះពុំបានដឹងថា មានសត្វកណ្តុរមួយក្រុម ដែលបានបាត់បង់សន្តានដោយសាព្រានកំពុងតែរួមសហការគ្នា បញ្ជូនខ្លួនព្រានទៅកាន់ផ្លូវមរណៈដោយខិតខំប្រឹងប្រែកខាំកកេរផ្តាច់មែកឈើដែលបុរស កំពុងអាស្រ័យឯខ្លាឃើញដូចនេះមានសេចក្តីត្រកអរយ៉ាងខ្លាំង។ បុរសនោះបានជក់ចិត្តនឹងរសនៃទឹកឃ្មុំគិតតែជញ្ជក់ពីក្រៅសំបុករហូតដល់ធ្វើឲ្យសំបុកឃ្មុំបែកធ្លុះធ្លាយបណ្តាលឲ្យហ្វូងឃ្មុំផ្អើលហើរចេញពីសំបុក រូចក៏សំរុកចូលខាំទិចបុរសទាំងព្រម ធ្វើឲ្យបុរសឈឺពើតស្ទុះលោតកញ្ឆែង ជាហេតុធ្វើឲ្យមែកឈើនោះបាក់ធ្លាក់ដាច់ចេញពីដើម បុរសនោះក៏បានក្លាយជាចំនីដ៏មានឲជារសសំរាប់សត្វខ្លានាពេលនោះទៅ។
លទ្ធផលចុងក្រោយព្រានត្រូវបង់ជីវិតដោយសាជក់ចិត្តនឹងទឹកឃ្មុំភ្លេចស្មារតីខ្វះការប្រុងប្រយ័ត្ន។
ខ្លាកំណាច
តំនាលតមកនិយាយអំពីសត្វខ្លាវិញ ក្រោយពីបានជ័យជំនះនិងបានឆីសាច់បុរសជាព្រានព្រៃរួចមក វាក៏ចាប់មាត់ជក់ចិត្តនឹងរសនៃសាច់ឆៅឈាមស្រស់របស់មនុស្ស ហើយនឹកចង់ភ្លក្សរសជាតិនេះម្តងទៀត។ ម្យ៉ាងវិញទៀតវាមានមោទនភាពចំពោះខ្លួនឯងយ៉ាងខ្លាំង ក៏ចាប់ផ្តើមលែងមានគំនិតក្រែងរអែងញញើតញញើមនឹងមនុស្ស និងសត្វទាំងឡាយ ព្រោះវាគិតថាវាជាស្តេចអំណាច។ចាប់តាំងពីពេលនោះមកវាតែងតែមានគំនិតស្រួចស្រាល់ពង្រឹងនិងបង្ហាញឬទ្ធីតេជ្ជៈ មិនតែប៉ុណ្ណោះចង់ឲ្យមនុស្សនិងសត្វស្ថិតនៅក្រោមអំណាចខ្លួនទៀតផង។
ចាប់តាំងពីពេលនោះមកសត្វខ្លាមួយក្បាលនេះបានធ្វើការលុកលុយបង្កនូវភាភក្តៅក្រហាយ ធ្វើទុក្ខបុកម្នេញបំពារបំពានគំរាមកំហែងដល់ពពួកសត្វទ្វេរបាត ចតុបាត ម្រឹគីម្រឹគា បក្សាបក្សី សូម្បីសត្វក្នុងទឹកមិនឲ្យរស់នៅបានស្ងប់សុខម្តងណាទេ មិនថាជានៅក្នុងព្រៃជ្រៅតូចធំ ឬក្នុងរូងភ្នំក្រំថ្មគ្រប់កន្លែងច្រកល្ហក បើទោះជានៅក្នុងសំងាត់យ៉ាងណាម្តេចក្តី។ លើសពីនេះជាញឹកញយក៏មានវត្តមានវាទៅគំរាមបន្លាច និងបៀតបៀនអាយុជីវិតមនុស្សម្នា ដែលរស់ក្នុងភូមិឯនាយ និងរស់ជាយព្រៃធំតូច។
ការធ្វើដំនើរត្រាច់ចរអង្រួនអស់ព្រៃព្រឹក្សាគិរីបុព្វតារយម៉ឺនទីតាំងរួចហើយបានចូលមកដល់ដែនព្រៃមួយដែលជាទីដ៏ស្ងប់ស្ងាត់បំផុត នោះគឺជាទីស្ថានដ៏បរមសុខរបស់សត្វតោមួយក្បាលហើយក៏ជាទីស្ថាន មួយដ៏ក្សេក្សាន្តបំផុតសំរាប់ពពួកសត្វទាំងឡាយដែលរត់មកពីគ្រប់ទិសទីមកធ្វើសំណាក់អាស្រ័យ។ ក្រោយពីដឹងថាសត្វខ្លាដ៏កំនាចនោះបានចូលមកដល់ព្រៃនេះភ្លាមម្នាលសត្វគ្រប់គ្នាមានការភិតភ័យយ៉ាងខ្លាំងក៏នាំដំណឹងទៅប្ដឹងដល់សត្វតោដែលជាម្ចាស់ព្រៃនេះ។ ក្រោយពីបានស្ដាប់ឮនូវដំណឹងចប់សព្វគ្រប់ហើយតោមានការព្រួយបារម្ភផងនិងខឹងសម្បារផង។ តោនឹកខឹងថាហេតុអ្វីសត្វខ្លាមិនមានសេចក្តីក្រែង រអែងចិត្តនិងខ្វះការគួរសមចំពោះខ្លួនដោយចូលមកកានទឹកដីខ្លួនដោយគ្មានការអនុញ្ញាតិព្រមព្រាងចូលមកស្រេចតែចិត្តខ្លួន។ ចូលមកហើយថែមទាំងបង្កអោយមានភាពរំជើបរំជួលថែមទៀត។ម្យ៉ាងទៀតតោមានសេចក្តីព្រួយចំពោះអស្ថេរភាពផ្សេងៗកើតមានឡើងដោយសារខ្លានៅលើដែនព្រៃខ្លួនព្រោះខ្លាជាសត្វដែលកោងកាចបំផុតហើយកំពុងតែងប់ងុលស្រវឹងឈ្លក់វង្វេងនឹងការប្រើប្រាស់អំនាចដែលគ្មានព្រំដែនរបស់គេ។
ការគិតរបស់តោគឺពុំខុសមែន សត្វខ្លាបានមករកតោដល់រូងថ្មជាទីសយនដ្ឋាននៃសត្វតោ។ ជំលោះបានផ្ទុះកើតឡើងនាពេលនោះ ដោយពាក្យសំដីទ្រគោះបោះបោកប្រមាថមើលងាយកោងហួសខ្នាតរបស់ខ្លាមកលើតោ។ ដោយក្តីក្រោធខឹងពុះពារធ្វើអោយភ្លើងកំហឹងដែលកប់ទុក្ខក្នុងចិត្តមកជាយូរត្រូវបានផ្ទុះចេញពីខ្លួនសត្វតោយ៉ាងសន្ធោសន្ធៅទៅដុតកំលោចកំទេចជីវិតសត្វខ្លាឲ្យរលាយវិនាសសាប សូន្យក្លាយជាផេះផង់នាពេលនោះហោង៕