Saturday, June 13, 2009

រឿង និទាន

ព្រានព្រៃកំសត់
មានបុរសម្នាក់ប្រកបរបរជាព្រានព្រៃបរបាញ់សត្វ។ ថ្ងៃមួយបុរសនោះបានទទួលគ្រោះមរណំដោយពេលកំពុងយឹតធ្នូព្រួញបំរុងបាញ់ប្រហារជីវិតខ្លាកំណាច​មួយក្បាលតែគាប់ជាហេតុអាក្រក់ខ្សែធ្នូត្រូវដាច់​បណ្តាលឲ្យខ្លាដឹងខ្លួនទាន់ ក៏ស្ទុះបោលសំដៅមក​យកជីវិតព្រាននោះ។​កាលបើឃើញខ្លាបោលសំដៅរកខ្លួនយ៉ាងលឿនដូច​នោះក៏ខំប្រឹងរត់គេចយកជីវិតឲ្យរួចផុតពីចង្កូមខ្លា។​លុះរត់ៗទៅក៏ដល់ស្ទឹងមួយ​ព្រានបំរុងនឹងស្ទុះលោតចូលទៅក្នុងទឹកស្ទឹងនោះដើម្បីហែលឆ្លង តែមិនអានធ្វើទៅបាន​ព្រោះនៅក្នុងស្ទឹងនោះសំបូរដោយសត្វក្រពើកំពុងដេកតំរៀបចំហមាត់រង់ចាំចំណី។​បុរសក៏ទុចដំណើរ ហើយងាកចុះឡើងឆ្វេងស្តាំរកផ្លុវរត់ទាំងភិតភ័យ​​​​​​​​​​​​​​​​​​​​​​​​​​ ​ក៏ឃើញដើមឈើមួយដើមដែលដុះជាប់មាត់ស្ទឹងនោះ ហើយបានស្ទុះប្រវេប្រវាតោងឡើងគេចពីខ្លា​កំនាច។​ពេលឡើងដល់ពាក់កណ្ដាលនៃដើមនោះហើយក៏អង្គុយលើមែកមួយដើម្បីយកកំលាំង​ក៏ស្រាប់តែមានតំនក់ទឹកឃ្មុំស្រក់ចេញពីសំបុកឃ្មុំដែលនៅលើក្បាលព្រាននោះ។ ដោយក្តីហេវហត់ជា​ខ្លាំងក៏ត្រេកត្រអាលនឹងរសផ្អែមឆាញ់នៃទឹកឃ្មុំ​លែងនឹកនាដល់ក្តីមរណំបន្តិចសោះ​ពុំបានដឹងថា មានសត្វកណ្តុរមួយក្រុម ដែលបានបាត់បង់សន្តានដោយសាព្រានកំពុងតែរួមសហការគ្នា បញ្ជូនខ្លួនព្រានទៅកាន់ផ្លូវមរណៈ​ដោយខិតខំប្រឹងប្រែកខាំកកេរផ្តាច់មែកឈើដែលបុរស កំពុងអាស្រ័យ​ឯខ្លាឃើញដូចនេះមានសេចក្តីត្រកអរយ៉ាងខ្លាំង។​ បុរសនោះបានជក់ចិត្តនឹងរសនៃទឹកឃ្មុំគិតតែជញ្ជក់ពីក្រៅសំបុករហូតដល់ធ្វើឲ្យសំបុកឃ្មុំបែកធ្លុះធ្លាយ​បណ្តាលឲ្យហ្វូងឃ្មុំផ្អើលហើរចេញពីសំបុក រូចក៏សំរុកចូលខាំទិចបុរសទាំងព្រម ធ្វើឲ្យបុរសឈឺពើតស្ទុះលោតកញ្ឆែង ជាហេតុធ្វើឲ្យមែកឈើនោះបាក់ធ្លាក់ដាច់ចេញពីដើម បុរសនោះក៏បានក្លាយជាចំនីដ៏មានឲជារសសំរាប់សត្វខ្លានាពេលនោះទៅ។
លទ្ធផលចុងក្រោយព្រានត្រូវបង់ជីវិតដោយសាជក់ចិត្តនឹងទឹកឃ្មុំភ្លេចស្មារតីខ្វះការប្រុងប្រយ័ត្ន។

ខ្លាកំណាច
​​​​​​​​​​​​​​តំនាលតមកនិយាយអំពីសត្វខ្លាវិញ ក្រោយពីបានជ័យជំនះនិងបានឆីសាច់បុរសជាព្រានព្រៃរួចមក វាក៏ចាប់មាត់ជក់ចិត្តនឹងរសនៃសាច់ឆៅឈាមស្រស់របស់មនុស្ស​ ហើយនឹកចង់ភ្លក្សរសជាតិនេះ​ម្តងទៀត។​ ម្យ៉ាងវិញទៀតវាមានមោទនភាពចំពោះខ្លួនឯងយ៉ាងខ្លាំង ក៏ចាប់ផ្តើមលែងមានគំនិត​ក្រែងរអែងញញើតញញើមនឹងមនុស្ស និងសត្វទាំងឡាយ​​ ព្រោះវាគិតថាវាជាស្តេចអំណាច។​ចាប់តាំងពីពេលនោះមកវាតែងតែមានគំនិតស្រួចស្រាល់ពង្រឹង​និងបង្ហាញឬទ្ធីតេជ្ជៈ​ មិនតែប៉ុណ្ណោះចង់ឲ្យមនុស្សនិងសត្វស្ថិតនៅក្រោមអំណាចខ្លួនទៀតផង។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ចាប់តាំងពីពេលនោះមកសត្វខ្លាមួយក្បាលនេះបានធ្វើការលុកលុយបង្កនូវភាភក្តៅក្រហាយ ធ្វើទុក្ខបុកម្នេញបំពារបំពានគំរាមកំហែងដល់ពពួកសត្វទ្វេរបាត ចតុបាត​ ម្រឹគីម្រឹគា បក្សាបក្សី សូម្បីសត្វក្នុងទឹកមិនឲ្យរស់នៅបានស្ងប់សុខម្តងណាទេ​ មិនថាជានៅក្នុងព្រៃជ្រៅតូចធំ ឬក្នុងរូងភ្នំក្រំថ្ម​គ្រប់កន្លែងច្រកល្ហក បើទោះជានៅក្នុងសំងាត់យ៉ាងណាម្តេចក្តី។​ លើសពីនេះជាញឹកញយក៏មានវត្តមាន​វាទៅគំរាមបន្លាច និងបៀតបៀនអាយុជីវិតមនុស្សម្នា ដែលរស់ក្នុងភូមិឯនាយ​ និងរស់ជាយព្រៃធំតូច។
ការធ្វើដំនើរត្រាច់ចរអង្រួនអស់ព្រៃព្រឹក្សាគិ​រីបុព្វតារយម៉ឺនទីតាំងរួចហើយបានចូលមកដល់ដែនព្រៃ​មួយដែលជាទីដ៏ស្ងប់ស្ងាត់បំផុត នោះគឺជាទីស្ថានដ៏បរមសុខរបស់សត្វតោមួយក្បាលហើយក៏ជាទីស្ថាន មួយដ៏ក្សេក្សាន្តបំផុតសំរាប់ពពួកសត្វទាំងឡាយដែលរត់មកពីគ្រប់ទិសទីមកធ្វើសំណាក់អាស្រ័យ។ ក្រោយពីដឹងថា​សត្វខ្លាដ៏កំនាចនោះបានចូលមកដល់ព្រៃនេះភ្លាម​ម្នាលសត្វគ្រប់គ្នា​មានការភិតភ័យយ៉ាងខ្លាំងក៏​នាំដំណឹងទៅប្ដឹងដល់សត្វតោដែលជាម្ចាស់ព្រៃនេះ។ ក្រោយពីបានស្ដាប់ឮនូវដំណឹងចប់សព្វគ្រប់ហើយ​តោមានការព្រួយបារម្ភផងនិងខឹងសម្បារផង។ តោនឹកខឹងថាហេតុអ្វីសត្វខ្លាមិនមានសេចក្តីក្រែង រអែងចិត្តនិងខ្វះការគួរសមចំពោះខ្លួន​ដោយចូលមកកានទឹកដីខ្លួនដោយគ្មានការអនុញ្ញាតិព្រមព្រាងចូលមកស្រេចតែចិត្តខ្លួន។ ចូលមកហើយថែមទាំងបង្កអោយមានភាពរំជើបរំជួលថែមទៀត។​ម្យ៉ាងទៀតតោមានសេចក្តីព្រួយចំពោះអស្ថេរភាពផ្សេងៗកើត​មានឡើងដោយសារខ្លា​នៅលើដែនព្រៃខ្លួនព្រោះខ្លាជាសត្វដែលកោងកាចបំផុតហើយកំពុងតែងប់ងុលស្រវឹងឈ្លក់វង្វេង​នឹងការប្រើប្រាស់អំនាចដែលគ្មានព្រំដែនរបស់គេ។
ការគិតរបស់តោគឺពុំខុសមែន សត្វខ្លាបានមករកតោដល់រូងថ្មជាទីសយនដ្ឋាននៃសត្វតោ។ ជំលោះបានផ្ទុះកើតឡើងនាពេលនោះ ដោយពាក្យសំដីទ្រគោះបោះបោកប្រមាថមើលងាយកោងហួស​ខ្នាតរបស់ខ្លាមកលើតោ។ ដោយក្តីក្រោធខឹងពុះពារធ្វើអោយភ្លើងកំហឹងដែលកប់ទុក្ខក្នុងចិត្តមកជាយូរ​ត្រូវបានផ្ទុះចេញពីខ្លួនសត្វតោយ៉ាងសន្ធោសន្ធៅទៅដុតកំលោចកំទេចជីវិតសត្វខ្លាឲ្យរលាយវិនាសសាប សូន្យក្លាយជាផេះផង់នាពេលនោះហោង៕

Friday, May 15, 2009

រឿង តាបសចិត្តបាប

តំនាលមួយបានលើកឡើងមកនិទានតៗគ្នាអំពីរឿងតាបស​ដែលជាអ្នកបួសស្លៀកពាក់ស្បង់ចីវភាវនាធម៌អាថ៌នៅក្រោមដើមពោធិ៍ព្រិក្ស​ជារៀងរាល់ថ្ងៃ​ហើយនៅខាងឆ្វេងដៃដែលជាអសនៈរបស់តាបស​ចម្ងាយប្រហែល​៥០​ម៉ែត្រមានដំបូកមួយដែលជាជំរកដ៏ជាក់ត្រជុំរបស់សត្វត្រកួត។​ជារៀងរាល់ថ្ងៃសត្វត្រកួតតែងតែចេញមកគោរពថ្វាយបង្គំតាបសជានិច្ច​ហើយតាបសស្តែងនូវសេចក្តីសន្តោសអាណិតចំពោះសត្វដែលមាន​ទឹកចិត្តបរិសុទ្ធចេះគោរពចំពោះបុគ្គលដែលគួរគោរព។ ថ្ងៃមួយមានអ្នកស្រុកបានប្រគេនចង្ហាន់សាច់ត្រកួតឆា​បានធ្វើឲ្យចាប់ចិត្តជាប់មាត់យ៉ាងខ្លាំក៏កើតនឹកឃើញដល់សត្វត្រកួតមួយក្បាល ដែលតែងតែមកថ្វាយបង្គំខ្លួនប្រចាំ​ហើយមានគំរោងផែនការងងឹតងងល់ប៉ង​សំលាប់សត្វត្រកួត​ដើម្បីយកសាច់មករំងាប់ចង់របស់ខ្លួន។ តាបសបានត្រៀមដំបងធំមួយ​ក្នុងដៃទុកសំរាប់វាយបំបែកក្បាលត្រកួត​-ត្រកួតក៏បានវារចេញពីរូងតាមកិរិយាទំលាប់មកថ្វាយបង្គំតាបសដូចសព្វដង​
ក៏សង្កេតឃើញអាកប្បកិរិយាតាបសខុសពីប្រក្រតី​មកបានពាក់កណ្តាលក៏ត្រឡប់ក្បាល់វិលចូលរូងវិញ។​ចំនែកតាបស​ក៏ស្ទុះលើកដំបងគប់សំដៅ​មកត្រកួត​តែពុំត្រូវ​-ឯត្រកួតបានចូលក្នុងរូងហើយអើតក្បាលចេញក្រៅរន្ធដើម្បីតាបស។​ តាបសបានមកដល់មាត់រូងត្រកួត​ហើយពោលពាក្យលួងលោមត្រកួតឲ្យចេញមកខាងក្រៅ​-ដោយពោលឡើងថា​៖​ឲម្នាលត្រកួតអើយ!​ឯងកុំបីទោម្នេញនឹងយើងថ្វី​អាត្មាអញគ្រាន់តែ​លលែងបន្លែងនឹងឯងទេតើ​ម្តេចឯងខឹងនិងភ័យស្លន់ស្លោរម្ល៉េះ?​នែឆាប់ចេកមកក្រៅវិញមក​យើងនឹងឲ្យបាយចំណីនំនែកដល់ឯងឆី។​​-ត្រកួតបានតបវិញ៖​សាវតាយើងជាសត្វតិរច្ឆាន​យើងពុំត្រូវការនូវជំនូនដែលមិនបរិសុទ្ធរបស់តាបសឯង​ដែលរស់ដោយសារបាយបាត្រ​មានចិត្តមិនស្អាតស្អំ​ល្អតែខាងក្រៅ​នេះបើសិនជារូងយើងមានជម្រៅដល់ឋាននរកយើងសុខ​ចិត្តចុះទៅឋាននរកវិញប្រសើរជាង។​ស្តីតែប៉ុណ្ណេះសត្វត្រកួតក៏ត្បុលក្បាលចូលទៅក្នុងរូងបាត់ទៅ។
(ចប់)

Tuesday, April 28, 2009

សម្តីមាស

  1. កញ្ចក់គ្មានប្រយោជន៍អ្វីសំរាប់មនុស្សខ្វាក់ឡើយ។
  2. ធម្មជាតិដ៏ល្អស្រស់បំព្រង ​មិនមែនជាទីដែលគួរឲ្យត្រេកត្រអាលសំរាប់មនុស្សខ្វាក់ទេ។
  3. ក្នុងលោកនេះគ្មានអ្វីដែលបរិសុទ្ធនោះទេ។
  4. ចូលកុំយល់ថាភាពជោគជ័យរបស់អ្នក ជាសេចក្តីសុខសំរាប់តែខ្លូនអ្នកឲ្យសោះ។​​ ហេតុអ្វី? ព្រោះបើអ្នកគិតថាវាមានសារសំខាន់សំរាប់តែអ្នក​​ នោះអ្នកប្រាកដជាមិននឹកនាដល់សេចក្តី វិនាសអន្តរាយ​នៃប្រយោជន៍អ្នកដទៃ​ឬសង្គមជាតិអ្វីឡើយពោលគឺអ្នកមិន​​ ខ្វល់អំពីផល​ប៉ះពាល់ផ្សេងៗដល់​ អ្នកដទៃ ទាំងខាងកាយ និងចិត្ត។
  5. គួរបង្កើនគុណភាព ឬបង្កើនបរិមាណ?
  6. រូបរាង មិននៅគង់វង្សយូរអង្វែងនោះទេ គឺវាប្រែប្រួលទៅតាមកាលវេលា វ័យ រោគា ព្យាធិ។
  7. ទ្រព្យសម្បត្តិទាំងអស់របស់យើងម្នាក់ៗជារបស់ក្រៅខ្លួន ចូរកុំរាប់បញ្ចូលវាជារបស់សំខាន់បំផុត សំរាប់យើងឲ្យសោះ។
  8. លុយជាវត្ថុដែលមនុស្សចង់បានចង់មានដើម្បីយកមកប្រើប្រាស់តែ យើងមិនត្រូវរកលុយក្នុងរូបភាពលុយប្រើប្រាស់យើងនោះទេ។​
  9. វាគ្មានអ្វីប្លែកទេបើគ្រាន់មនុស្សចេះចាយលុយ​ប្រើប្រាស់លុយនោះ រឿងដែលប្លែកនោះគឺមនុស្សត្រូវលុយប្រើ។
  10. អ្នកមិនត្រូវគិត​អំពីលទ្ធផលនៃការប្រកួតប្រជែងថាអ្នកនឹងត្រូវឈ្នះ​ឬបរាជ័យនោះទេ​ អ្នកគួរតែដឹងអំពីរបៀបក្នុងការប្រលង​និង​ស្វែងរកគន្លិះសំរាប់ជាដំណោះស្រាយដ៏សមស្រប។
  11. បើ​ ស្លូត គឺត្រូតែ​ ស្លូបូត មិនមែនស្លូតស្លាប់ទេ, ទន់ គឺត្រូវតែ ទន់ភ្លន់ មិនមែន​ ទន់ជ្រាយ​មាយាកលពុតនោះទេ,​ រឹង​ គឺត្រូវតែ រឹងប៉ឹង រឹងមាំ មិនមែន រឹងរូស នោះទេ។
  12. ល្អមួយណាដែលអ្នកគិតថាល្អចំពោះការតុបតែងកាយរបស់មនុស្ស (តែងខ្លូនដើម្បីឲ្យៈ -ល្អមើល, - ល្អគន់,​ -ល្អស្រស់ឆើតឆាយ)
  13. គ្មាននណាម្នាក់ស្រឡាញ់អស់ពីពោះ ស្មើនឹងក្តីស្រឡាញ់ដែលយើងមានចំពោះខ្លួនយើងឡើយ។
  14. យើងនៅតែជាមនុស្សមានតំលៃជានិច្ចកាលបើមានអ្នកដទៃនៅស្តីបន្ទោស ដាស់តឿន តិះទៀន រិះគន់យើង។
  15. កុំត្រេកអរក្នុងទីណាដែលខ្ពង់ខ្ពស់ពេក ព្រោះវាគ្រោះថ្នាក់ណាស់!
  16. ធ្មេញយើងអាចបំបែកអាហារ​ដែលរឹងមាំ​ធំៗឲ្យរលាយតូចល្អិតបានដោយងាយ​ តែយើងងាយប្រឈមនឹងបញ្ហាឈឺធ្មេញ ដែលបង្កឡើងដោយ​ភាគតូចល្អិតរបស់អាហារនោះ។
  17. ម្ហូបឆ្ញាញ់ដែលយើងចូលចិត្ត​យើងអាចនឹងមិននឹកនាចង់ទទួលទាន​កាលបើយើងបានឆ្អែតស្កប់ស្កល់។
  18. សុខភាពផ្លូវចិត្ត+(កាយ)រឹងមាំ​នាំឲ្យមានឆន្ទៈ​បញ្ញាមោះមុត​និង​គោលដៅរឹងមាំ។​
  19. ការកកើតឡើង​និងការស្លាប់ទៅវិញរបស់មនុស្សគឺ​ពុំបាននាំមក​និងនាំទៅនូវទ្រព្យសម្បត្តិ​ចំណេះដឹងអ្វីសូម្បីតែបន្តិច​គឺមានតែរូបកាយដ៏លស្អាតស្អំ​ហើយនាំយកទៅវិញ​នូវរូបរាងដ៏គ្រោតគ្រាត។​ដូចនេះ​បុគ្គលគ្រប់រូបពុំគួរមានចិត្តលោភលន់​បំពារបំពានបៀតបៀនគ្នា​កំណាញ់ទ្រព្យរបស់​ឬចំណេះអី្វនោះទេ​ពោលគឺត្រូវតែមាន​ចិត្តទូលំទូលាយសប្បុរស​ដោយការធើ្វទានដល់​ជនដែលខ្សត់ខ្សោយ​ដើម្បីបាននូវសេចក្តីសុខ​ចំរើន។
  20. ការតាំងចិត្តឲ្យបានល្អប្រសើរ​គឺប្រសើរជាជាងតាំងខ្លួន​លើងដំកើងខ្លួនដោយសំអាងលើអំណាច​ពាក្យសម្ដីដ៏មានថ្វីមាត់។
  21. មនុស្សអាចមើលសព្វគ្រប់តែផ្នែកខាងមុខរបស់ខ្លួនតែប៉ុណ្ណោះ​តែមិនអាចមើលសព្វនូវផ្នែកខាងក្រោយនៃខ្លួនបានទេ។
  22. បើចង់បង្រ្កាបខ្លាត្រូវស្គាល់ពីចិត្តគំនិតវា តែមិនត្រូវធ្វើត្រាប់ឬស៊ីចុកតាមវាឡើយ។
  23. ការសាកល្បងជាចំនុចមួយដែលនាំឲ្យបានស្គាល់ពីភាពខ្លាំងនិងភាពខ្សោយរបស់យើង​
    ប៉ុន្តែចំនុចខ្លះយើងមិនគួរហ៊ានប្រថុយសាកល្បងនឹងវាទេ​ព្រោះជីវិតយើងវាថ្លៃណាស់។
  24. មនុស្សដេកលក់ងាយដាស់ឲ្យភ្ញាក់ តែបើមនុស្សធ្វើពុត​ជាក់វិញមិនងាយដាស់ឲ្យភ្ញាក់ដឹងខ្លួនឡើយ។
  25. ឆ្មាលួចស៊ីត្រីអាំង ព្រោះតែម្ចាស់មិនបានឲ្យបាយស៊ីឆ្អែត ​ឯម្ចាស់ពុំបានឲ្យឆ្មាស៊ីឆ្អែត
    ក៏ព្រោះខ្លាចឆ្មាខ្ជិលមិនចាប់កណ្ដុរដែលជាសត្វចង្រៃក្នុងផ្ទះ។
  26. លើលោកនេះគ្មានអ្វីដែលផ្អែមស្មើនឹងពាក្យសំដីបានឡើយ
    ​ហើយក៏គ្មានអី្វដែលក្រអូប និងស្អុយស្មើនឹងកិត្តិយសបានដែរ។​
    ​រសនៃស្ករ​បង្អែមផ្លែ​ទឹកឃ្មុំនិងភេសជ្ជៈនានាគឺផ្អែមជាប់មាត់ជក់ចិត្តត្រឹមតែអណ្តាត​និងបំពងកតែប៉ុណ្ណោះ ចំណែកឯពាក្យសំដីដែលបុគ្គលបានពោលចេញចចាររាក់​ទាក់រកគ្នាទៅវិញទៅមកប្រក ដោយភាពផ្អែមទន់ភ្លន់និងកិរិយាគោរព គឺរសនៃមន្តសម្តីនេះបាន​ជ្រាបចូលក្នុងចិត្តគំនិតរបស់យើងយ៉ាងជ្រៅបំផុតយើងនៅតែចាំ និងនឹកឃើញជានិច្ច។​
    ចំនែក កិត្តិយស វិញគឺគ្រឿងសំអាងមានសារសំខាន់បំផុតសំរាប់ជនទាំងឡាយ។​
    គេព្រមលះបង់នូវអ្វីៗគ្រប់យ៉ាងដើម្បីបាននូវកិត្តិយសដ៏ប្រសើរថ្លៃថ្លា ព្រោះថាក្លិននៃកិត្តិយសនេះ​មានខ្លិនសាយភាយគ្រប់ទិសទីឆ្លងនគរឆ្លងទ្វីបសាគរបានឆ្ងាយរយលានម៉ឺនយោជន៍​
    ថែមទាំងបញ្រ្ចាសខ្យល់។​ បើបុគ្គលណាបានសាងសេចក្តីល្អដែលជាប្រយោជន៍សំរាប់ខ្លួន គ្រួសារ សង្គមជាតិនិងសកលលោកពោលគឺសន្តិភាពបុគ្គលនោះរមែងទទួលបានការ​គោរពស្រឡាញ់ ចូលចិត្តលើកតំកើងពីសំណាក់មនុស្សគ្រប់ជាតិសាសន៍លើសកលនេះ
    ហើយកេរ្តិ៍ឈ្មោះកិត្តិយសបុគ្គលនោះឯង រមែងសាយភាយក្រអូបឈ្ងុយឈ្ងប់ទូទាំង​នគរនិងសកល។ ផ្ទុយទៅវិញបើបុគ្គលសាងនូវសេចក្តីអាក្រក់បង្កភាពស្មុគស្មាញ​ឲ្យសង្គមមានភាពអសន្តិសុខគ្មានស្ថេរភាព ឬបង្កឲ្យរងនូវភាពក្តៅក្រហាយរងទុក្ខវេទនា​ដោយសារខ្លួនសព្វបែបយ៉ាងសព្វសារពើ​បុគ្គលនោះឯងគេឲ្យឈ្មោះថាជាជនគំរក់​ហើយកេរ្តិ៍ឈ្មោះដ៏អសោចន៍នឹងសាយ ភាយគ្រប់ទីកន្លែងគ្រប់ច្រកល្ហកទាំងអស់
    ​បើទោះជាគេខំលាក់ខ្លួនពួនអាត្មានៅក្នុងទីសំងាត់យ៉ាងណាក៏គេពុំអាចឃុំគ្រងរាំង​ខ្ទប់ខ្លិនអាក្រក់នេះមិនឲ្យសាយភាយចេញក្រៅបានដែរ។
  27. ពិភពលោកនេះពុំមែនជាកម្មសិទ្ធិរបស់នរណាម្នាក់ឡើយ។
  28. ការរស់បើពុំបានយកចិត្តទុកដាក់ត្រួតពិនិត្យឲ្យបានម៉ត់ចត់រាល់សកម្មភាពទេ គឺគ្មានវិន័យទាល់តែសោះ។