Tuesday, April 28, 2009

សម្តីមាស

  1. កញ្ចក់គ្មានប្រយោជន៍អ្វីសំរាប់មនុស្សខ្វាក់ឡើយ។
  2. ធម្មជាតិដ៏ល្អស្រស់បំព្រង ​មិនមែនជាទីដែលគួរឲ្យត្រេកត្រអាលសំរាប់មនុស្សខ្វាក់ទេ។
  3. ក្នុងលោកនេះគ្មានអ្វីដែលបរិសុទ្ធនោះទេ។
  4. ចូលកុំយល់ថាភាពជោគជ័យរបស់អ្នក ជាសេចក្តីសុខសំរាប់តែខ្លូនអ្នកឲ្យសោះ។​​ ហេតុអ្វី? ព្រោះបើអ្នកគិតថាវាមានសារសំខាន់សំរាប់តែអ្នក​​ នោះអ្នកប្រាកដជាមិននឹកនាដល់សេចក្តី វិនាសអន្តរាយ​នៃប្រយោជន៍អ្នកដទៃ​ឬសង្គមជាតិអ្វីឡើយពោលគឺអ្នកមិន​​ ខ្វល់អំពីផល​ប៉ះពាល់ផ្សេងៗដល់​ អ្នកដទៃ ទាំងខាងកាយ និងចិត្ត។
  5. គួរបង្កើនគុណភាព ឬបង្កើនបរិមាណ?
  6. រូបរាង មិននៅគង់វង្សយូរអង្វែងនោះទេ គឺវាប្រែប្រួលទៅតាមកាលវេលា វ័យ រោគា ព្យាធិ។
  7. ទ្រព្យសម្បត្តិទាំងអស់របស់យើងម្នាក់ៗជារបស់ក្រៅខ្លួន ចូរកុំរាប់បញ្ចូលវាជារបស់សំខាន់បំផុត សំរាប់យើងឲ្យសោះ។
  8. លុយជាវត្ថុដែលមនុស្សចង់បានចង់មានដើម្បីយកមកប្រើប្រាស់តែ យើងមិនត្រូវរកលុយក្នុងរូបភាពលុយប្រើប្រាស់យើងនោះទេ។​
  9. វាគ្មានអ្វីប្លែកទេបើគ្រាន់មនុស្សចេះចាយលុយ​ប្រើប្រាស់លុយនោះ រឿងដែលប្លែកនោះគឺមនុស្សត្រូវលុយប្រើ។
  10. អ្នកមិនត្រូវគិត​អំពីលទ្ធផលនៃការប្រកួតប្រជែងថាអ្នកនឹងត្រូវឈ្នះ​ឬបរាជ័យនោះទេ​ អ្នកគួរតែដឹងអំពីរបៀបក្នុងការប្រលង​និង​ស្វែងរកគន្លិះសំរាប់ជាដំណោះស្រាយដ៏សមស្រប។
  11. បើ​ ស្លូត គឺត្រូតែ​ ស្លូបូត មិនមែនស្លូតស្លាប់ទេ, ទន់ គឺត្រូវតែ ទន់ភ្លន់ មិនមែន​ ទន់ជ្រាយ​មាយាកលពុតនោះទេ,​ រឹង​ គឺត្រូវតែ រឹងប៉ឹង រឹងមាំ មិនមែន រឹងរូស នោះទេ។
  12. ល្អមួយណាដែលអ្នកគិតថាល្អចំពោះការតុបតែងកាយរបស់មនុស្ស (តែងខ្លូនដើម្បីឲ្យៈ -ល្អមើល, - ល្អគន់,​ -ល្អស្រស់ឆើតឆាយ)
  13. គ្មាននណាម្នាក់ស្រឡាញ់អស់ពីពោះ ស្មើនឹងក្តីស្រឡាញ់ដែលយើងមានចំពោះខ្លួនយើងឡើយ។
  14. យើងនៅតែជាមនុស្សមានតំលៃជានិច្ចកាលបើមានអ្នកដទៃនៅស្តីបន្ទោស ដាស់តឿន តិះទៀន រិះគន់យើង។
  15. កុំត្រេកអរក្នុងទីណាដែលខ្ពង់ខ្ពស់ពេក ព្រោះវាគ្រោះថ្នាក់ណាស់!
  16. ធ្មេញយើងអាចបំបែកអាហារ​ដែលរឹងមាំ​ធំៗឲ្យរលាយតូចល្អិតបានដោយងាយ​ តែយើងងាយប្រឈមនឹងបញ្ហាឈឺធ្មេញ ដែលបង្កឡើងដោយ​ភាគតូចល្អិតរបស់អាហារនោះ។
  17. ម្ហូបឆ្ញាញ់ដែលយើងចូលចិត្ត​យើងអាចនឹងមិននឹកនាចង់ទទួលទាន​កាលបើយើងបានឆ្អែតស្កប់ស្កល់។
  18. សុខភាពផ្លូវចិត្ត+(កាយ)រឹងមាំ​នាំឲ្យមានឆន្ទៈ​បញ្ញាមោះមុត​និង​គោលដៅរឹងមាំ។​
  19. ការកកើតឡើង​និងការស្លាប់ទៅវិញរបស់មនុស្សគឺ​ពុំបាននាំមក​និងនាំទៅនូវទ្រព្យសម្បត្តិ​ចំណេះដឹងអ្វីសូម្បីតែបន្តិច​គឺមានតែរូបកាយដ៏លស្អាតស្អំ​ហើយនាំយកទៅវិញ​នូវរូបរាងដ៏គ្រោតគ្រាត។​ដូចនេះ​បុគ្គលគ្រប់រូបពុំគួរមានចិត្តលោភលន់​បំពារបំពានបៀតបៀនគ្នា​កំណាញ់ទ្រព្យរបស់​ឬចំណេះអី្វនោះទេ​ពោលគឺត្រូវតែមាន​ចិត្តទូលំទូលាយសប្បុរស​ដោយការធើ្វទានដល់​ជនដែលខ្សត់ខ្សោយ​ដើម្បីបាននូវសេចក្តីសុខ​ចំរើន។
  20. ការតាំងចិត្តឲ្យបានល្អប្រសើរ​គឺប្រសើរជាជាងតាំងខ្លួន​លើងដំកើងខ្លួនដោយសំអាងលើអំណាច​ពាក្យសម្ដីដ៏មានថ្វីមាត់។
  21. មនុស្សអាចមើលសព្វគ្រប់តែផ្នែកខាងមុខរបស់ខ្លួនតែប៉ុណ្ណោះ​តែមិនអាចមើលសព្វនូវផ្នែកខាងក្រោយនៃខ្លួនបានទេ។
  22. បើចង់បង្រ្កាបខ្លាត្រូវស្គាល់ពីចិត្តគំនិតវា តែមិនត្រូវធ្វើត្រាប់ឬស៊ីចុកតាមវាឡើយ។
  23. ការសាកល្បងជាចំនុចមួយដែលនាំឲ្យបានស្គាល់ពីភាពខ្លាំងនិងភាពខ្សោយរបស់យើង​
    ប៉ុន្តែចំនុចខ្លះយើងមិនគួរហ៊ានប្រថុយសាកល្បងនឹងវាទេ​ព្រោះជីវិតយើងវាថ្លៃណាស់។
  24. មនុស្សដេកលក់ងាយដាស់ឲ្យភ្ញាក់ តែបើមនុស្សធ្វើពុត​ជាក់វិញមិនងាយដាស់ឲ្យភ្ញាក់ដឹងខ្លួនឡើយ។
  25. ឆ្មាលួចស៊ីត្រីអាំង ព្រោះតែម្ចាស់មិនបានឲ្យបាយស៊ីឆ្អែត ​ឯម្ចាស់ពុំបានឲ្យឆ្មាស៊ីឆ្អែត
    ក៏ព្រោះខ្លាចឆ្មាខ្ជិលមិនចាប់កណ្ដុរដែលជាសត្វចង្រៃក្នុងផ្ទះ។
  26. លើលោកនេះគ្មានអ្វីដែលផ្អែមស្មើនឹងពាក្យសំដីបានឡើយ
    ​ហើយក៏គ្មានអី្វដែលក្រអូប និងស្អុយស្មើនឹងកិត្តិយសបានដែរ។​
    ​រសនៃស្ករ​បង្អែមផ្លែ​ទឹកឃ្មុំនិងភេសជ្ជៈនានាគឺផ្អែមជាប់មាត់ជក់ចិត្តត្រឹមតែអណ្តាត​និងបំពងកតែប៉ុណ្ណោះ ចំណែកឯពាក្យសំដីដែលបុគ្គលបានពោលចេញចចាររាក់​ទាក់រកគ្នាទៅវិញទៅមកប្រក ដោយភាពផ្អែមទន់ភ្លន់និងកិរិយាគោរព គឺរសនៃមន្តសម្តីនេះបាន​ជ្រាបចូលក្នុងចិត្តគំនិតរបស់យើងយ៉ាងជ្រៅបំផុតយើងនៅតែចាំ និងនឹកឃើញជានិច្ច។​
    ចំនែក កិត្តិយស វិញគឺគ្រឿងសំអាងមានសារសំខាន់បំផុតសំរាប់ជនទាំងឡាយ។​
    គេព្រមលះបង់នូវអ្វីៗគ្រប់យ៉ាងដើម្បីបាននូវកិត្តិយសដ៏ប្រសើរថ្លៃថ្លា ព្រោះថាក្លិននៃកិត្តិយសនេះ​មានខ្លិនសាយភាយគ្រប់ទិសទីឆ្លងនគរឆ្លងទ្វីបសាគរបានឆ្ងាយរយលានម៉ឺនយោជន៍​
    ថែមទាំងបញ្រ្ចាសខ្យល់។​ បើបុគ្គលណាបានសាងសេចក្តីល្អដែលជាប្រយោជន៍សំរាប់ខ្លួន គ្រួសារ សង្គមជាតិនិងសកលលោកពោលគឺសន្តិភាពបុគ្គលនោះរមែងទទួលបានការ​គោរពស្រឡាញ់ ចូលចិត្តលើកតំកើងពីសំណាក់មនុស្សគ្រប់ជាតិសាសន៍លើសកលនេះ
    ហើយកេរ្តិ៍ឈ្មោះកិត្តិយសបុគ្គលនោះឯង រមែងសាយភាយក្រអូបឈ្ងុយឈ្ងប់ទូទាំង​នគរនិងសកល។ ផ្ទុយទៅវិញបើបុគ្គលសាងនូវសេចក្តីអាក្រក់បង្កភាពស្មុគស្មាញ​ឲ្យសង្គមមានភាពអសន្តិសុខគ្មានស្ថេរភាព ឬបង្កឲ្យរងនូវភាពក្តៅក្រហាយរងទុក្ខវេទនា​ដោយសារខ្លួនសព្វបែបយ៉ាងសព្វសារពើ​បុគ្គលនោះឯងគេឲ្យឈ្មោះថាជាជនគំរក់​ហើយកេរ្តិ៍ឈ្មោះដ៏អសោចន៍នឹងសាយ ភាយគ្រប់ទីកន្លែងគ្រប់ច្រកល្ហកទាំងអស់
    ​បើទោះជាគេខំលាក់ខ្លួនពួនអាត្មានៅក្នុងទីសំងាត់យ៉ាងណាក៏គេពុំអាចឃុំគ្រងរាំង​ខ្ទប់ខ្លិនអាក្រក់នេះមិនឲ្យសាយភាយចេញក្រៅបានដែរ។
  27. ពិភពលោកនេះពុំមែនជាកម្មសិទ្ធិរបស់នរណាម្នាក់ឡើយ។
  28. ការរស់បើពុំបានយកចិត្តទុកដាក់ត្រួតពិនិត្យឲ្យបានម៉ត់ចត់រាល់សកម្មភាពទេ គឺគ្មានវិន័យទាល់តែសោះ។

No comments:

Post a Comment